Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net
ទ្រង់នឹងក្រុងខ្ញុំជាប់

HE WILL HOLD YOU FAST!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិថុនា ២៨ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, June 28, 2015

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។


ខ្ញុំចងចាំ ពេលខ្ញុំបានស្ដាប់គ្រូអធិប្បាយម្នាក់បង្រៀនថា យើងមិនត្រូវអធិប្បាយពីសេចក្ដីសន្យានេះ ទៅដល់ពួកអ្នកមិនជឿព្រះឡើយ។ គាត់បានបង្រៀនថា មនុស្សបាត់បង់គេមានទំនុកចិត្ដហួសពេក។ រឿង នេះអាចនាំពួកគេចូលក្នុងអំពើបាប។ ពួកគេត្រូវតែរក្សាឃុំខ្លួននៅក្នុងភាពមិនងាយស្រួល ហើយមិនដែល មានភាពច្បាស់លាស់ទាំងស្រុងឡើយ ពីការដែលពួកគេអាច «កាន់ខ្ជាប់» រហូតដល់ចុងបំផុត។ សំរាប់មួយ រយះ ខ្ញុំបានជឿដូចនេះ។ ខ្ញុំស្គាល់គ្រីស្ទបរិស័ទល្អៗជាច្រើន ដែលកាន់ខ្ជាប់នូវទស្សនៈនោះ។ ជារឿយៗ គ្រូ អធិប្បាយដែលជឿដូចនោះខ្លាចពីអត្ថបទគម្ពីរនេះ។

ប៉ុន្ដែ យើងគួរតែមើលកាន់មនុស្ស ដែលបានស្ដាប់ព្រះគ្រីស្ទអធិប្បាយពីរឿងដូចនេះនៅកន្លែងមុនដំបូង។ យោងតាមខ៣១ ពួកគេ «ក៏រើសថ្មម្ដងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ»(យ៉ូហាន ១០:៣១)។ ពួកគេស្អប់ព្រះគ្រីស្ទ ដោយសារទ្រង់បង្រៀនពីរឿងនោះ។ ព្រះគ្រីស្ទបានអធិប្បាយមេរៀននេះដល់ពួកអ្នក មិនជឿព្រះ។ ខ្ញុំដឹងច្បាស់ថា នៅក្នុងចំណោមយើងមានអ្នកខ្លះដែលមិនទាន់ជឿព្រះ។ យើងខំប្រឹងធ្វើយ៉ាង ណាក៏ដោយ ហើយខំប្រឹងអធិស្ឋាន ដើម្បីឲ្យពួកអ្នកដែលមិនទាន់បានសង្រ្គោះមកគ្រប់ទាំងកម្មវិធីថ្វាយបង្គំព្រះ។ ខ្ញុំនឹងបង្រៀនបងប្អូនដូចគ្នា ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ហ្វូងមនុស្សដ៏ពេញដោយ កំហឹង ដែលមិនបានសង្រ្គោះនោះ។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា»។ អត្ថបទគម្ពីរប្រាប់យើងថា «វា» សំដៅលើចៀមរបស់ព្រះគ្រីស្ទ។ «ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ»(យ៉ូហាន ១០:២៧)។ «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា»។ យើងមិនអាចដឹងពីចិត្ដរបស់មនុស្ស ហើយនិយាយថា ពួកគេជាចៀមរបស់ ព្រះគ្រីស្ទ ឬមិនមែនជាចៀមរបស់ទ្រង់នោះទេ។ តែខគម្ពីរពីមុនប្រាប់យើងពីវិធី ដើម្បីដឹងឲ្យយើងថា តើអ្នក ណាជាកូនរបស់ព្រះ។ «ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ»។ សំគាល់នៃកូនព្រះ ពិតប្រាកដគឺមានដូចនេះ៖ ពួកគេស្ដាប់ព្រះគ្រីស្ទ ពួកគេស្គាល់ទ្រង់ ហើយទ្រង់ស្គាល់ពួកគេ ថែមទាំងពួកគេ ស្ដាប់បង្គាប់ទ្រង់ ហើយដើរតាមទ្រង់។ ទាំងនេះគឺជាសំគាល់នៃកូនព្រះពិតប្រាកដ។ ដ្បិតព្រះយេស៊ូវមាន បន្ទូលទៅកាន់មនុស្សដូចនេះហើយ។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។

«សេចក្ដីជំនឿ ដែលប្រព្រឹត្ដដោយសេចក្ដីស្រឡាញ់»(កាឡាទី ៥:៦) គឺជាសំគាល់នៃចៀមពិតប្រាកដរបស់ ព្រះគ្រីស្ទ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកគេថា «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»។ លោកម៉ាទីន ឡូន ជ៉ោនស៍បានប្រសាសន៍ថា «នៅក្នុងព្រះគ្រីស្ទ យើងមិនស្ថិតនៅក្នុងសភាពនៃការពិសោធមើល ហើយយើងមិនអាចធ្លាក់ចេញពីព្រះ គុណរបស់ព្រះបានឡើយ»(ការធានាអះអាង (រ៉ូមជំពូក៥) The Banner of Truth Trust, 1971, p. 236)។

អ្នកខ្លះអាចនិយាយថា «ខ្ញុំស្ថិតនៅក្នុងឧបករណ៍ដែលរារាំងពីដំណឹងល្អ ខ្ញុំដឹងថា ខ្ញុំត្រូវតែមកឯព្រះគ្រីស្ទ ហើយនៅពេលតែមួយ ខ្ញុំដឹងថា ខ្ញុំមិនអាចមកបានទេ។ ខ្ញុំត្រូវតែមក ប៉ុន្ដែ ខ្ញុំមិនអាចមកបានឡើយ។ តើខ្ញុំគួរតែធ្វើយ៉ាងម៉េច?» ចម្លើយគឺសាមញ្ញ សូមចុះចូលជាមួយព្រះគ្រីស្ទ សូមអំពាវនាវដល់ទ្រង់។ ទ្រង់នឹងឆ្លើយតបរាល់សំណួររបស់អ្នកទាំងអស់។ ទ្រង់នឹងវាយបំបាក់ឧបករណ៍ដែលរារាំងពី ដំណឹងល្អដោយញញួរ ហើយទ្រង់នឹងជួយសង្រ្គោះព្រលឹងរបស់អ្នក។ អ្នកនិយាយថា «ខ្ញុំមិនយល់ពីរឿង នោះទេ»។ ពិតប្រាកដណស់ អ្នកមិនយល់។ នោះគឺជាការអាថ៌កំបាំង។ ពាក្យជាភាសាក្រិកគឺ «ម៉ាស្ទៀរីអូន» (musterion) វាមានន័យថា រឿងខ្លះដែលគំនិតមនុស្សមិនអាចយល់បាន តែទោះបីជាយ៉ាងណាក៏ដោយ វាជារឿងពិតនៅក្នុងព្រះគម្ពីរ។ សាវ័កប៉ូលប្រាប់ថា «គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្តីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប...»(១កូរិនថូស ២:៧)។ ចូរទំលាក់ខ្លួនរបស់អ្នក ទៅលើព្រះគ្រីស្ទ ហើយជឿជាក់លើទ្រង់ទៅ។ ទ្រង់នឹងឆ្លើយរាល់សំណួរទាំងអស់របស់អ្នក។ ទ្រង់នឹងជួយ សង្រ្គោះអ្នក ដោយព្រះលោហិត និងសេចក្ដីសុចរិតរបស់ទ្រង់។ ហើយទ្រង់នឹងថែរក្សាអ្នករហូតដល់ចុង បំផុត។ ទ្រង់នឹងថែរក្សាអ្នកតាមរយះវាទាំងអស់។ អ្នកនឹងក្លាយជាចៀមរបស់ព្រះគ្រីស្ទមួយ!

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។

អនុប្រយោគ៣ដែលអត្ថបទគម្ពីររបស់យើងប្រាប់ពីមូលហេតុ៣យ៉ាង ដើម្បីឲ្យយើងជឿលើសុវត្ថិភាពដ៏អស់កល្បជានិច្ច នៃចៀមរបស់ព្រះគ្រីស្ទ។

១. ទីមួយ មានអំណោយទានរបស់ព្រះគ្រីស្ទ។

មុនដំបូង ព្រះអង្គសង្រ្គោះមានបន្ទូលថា «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា»។ ទ្រង់ប្រទានជីវិត អស់កល្បជានិច្ចដល់យើងរាល់គ្នា ទុកជាអំណោយទាន។ យើងមិនបានកាន់កាប់ជីវិតអស់កល្បជានិច្ចនោះ ទេ កាលយើងបានកើតមក។ យើងកើតមកជាកូនរបស់លោកអ័ដាម ហើយយើងកើតមក ដើម្បីស្លាប់។ យើងមិនអាចបានជីវិតអស់កល្បជានិច្ច ដោយសារការប្រព្រឹត្ដរបស់យើងនោះទេ។ យើងមិនអាចបានវា ដោយសារការធ្វើល្អនោះទេ។ យើងមិនអាចបានវា ដោយសារការរៀនពីព្រះគម្ពីរ។ យើងមិនអាចបានវា ដោយសារការសូត្រសេចក្ដីអធិស្ឋាន។ វាគឺជាអំណោយទានមួយ ដ្បិតវាជាអំណោយមួយ ដែលយើងមិន អាចរកបាន។ នៅពេលមនុស្សម្នាក់ទទួលជីវិតអស់កល្បជានិច្ចដល់ព្រលឹងរបស់គាត់ វាគឺជាអំណោយទាន ដ៏ឥតគិតថ្លៃ។ យើងមិនបានទទួលវា ទុកជារង្វាន់មួយនោះទេ វាគឺជាអំណោយទានដ៏ឥតគិតថ្លៃ

ព្រះជ្រាបពីចុងបញ្ចប់ពីការចាប់ផ្ដើម។ នៅពេលទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សម្នាក់ នោះទ្រង់ជ្រាប់រាល់ភាពមិនល្អឥតខ្ចោះ និងការបរាជ័យរបស់មនុស្សរួចហើយ។ ទ្រង់ជ្រាប់រួចមកហើយ ពីពេលដែលមនុស្សនឹងជំពប់ដួល។ ទ្រង់មិនដែលប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្ស ហើយបន្ទាប់មក ទ្រង់ដកយកវា ដោយសារការជំពប់ដួលខ្លះនោះទេ ដ្បិតទ្រង់ជ្រាបរួចហើយពីការជំពប់ដួលរបស់មនុស្ស មុនពេលទ្រង់ប្រទានអំណោយទានដល់ម្នាក់នោះទេ។

តើវាអាចទៅរួចយ៉ាងម៉េចបានដែលថា ទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក ហើយបន្ទាប់ មកអ្នកស្លាប់ទៅ? នៅពេលព្រះយេស៊ូវមានបន្ទូលថា «អស់កល្បជានិច្ច» នោះមានន័យថា «អស់កល្ប ជានិច្ច»។ លោកស្ជឺជិនបានបង្រៀនថា «អ្វីទាំងអស់ដែលយើងធ្វើ វាមិនអាចនាំឲ្យខ្ញុំបាត់បង់ជីវិតខាងឯ វិញ្ញាណបានឡើយ»។ វាគឺជា «ជីវិតដ៏អស់កល្បជានិច្ច»។

កាលព្រះគ្រីស្ទមានបន្ទូលទៅកាន់ស្រ្ដីនៅអណ្ដូងនោះ ទ្រង់មានបន្ទូលថា

«តែអ្នកណាដែលផឹកទឹក ខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច»(យ៉ូហាន ៤:១៤)។

ការកែម្រែនៃការសិក្សាព្រះគម្ពីរ (The Reformation Study Bible) ប្រាប់ «ទឹករស់នៅក្នុងគម្ពីរសញ្ញា ចាស់ {និយាយពី}ទឹកហូរ ដែលជានិមិត្ដរូបពីសកម្មភាព{របស់ព្រះ}»។ «ទឹកដែលផុសឡើង! បង្ហាញពីជីវិត ដ៏ពេញបរិបូរ «ជីវិតអស់កល្បជានិច្ច» វាគ្មានទីបញ្ចប់ ហើយវាហូរជាបរិបូររៀងរហូត! វាជាជីវិតរបស់ព្រះ ដែលស្ថិតនៅក្នុងព្រលឹងរបស់មនុស្សលោក! ព្រះគ្រីស្ទប្រទាននូវជីវិតអស់កល្បជានិច្ចដល់ចៀមរបស់ទ្រង់ ទៅក្នុងចិត្ដរបស់គេ វាតែងតែផុសឡើង វាមិនដែលចប់ ហើយវាតែងតែហូរ! វាគឺជាអំណោយទានមួយ។ យើងមិនអាចរកបាននោះទេ។ វាគឺជាអំណោយទានមកពីព្រះគ្រីស្ទ។ ទ្រង់មិនដែលយកវិញ នូវអ្វីដែលទ្រង់ ប្រទានឲ្យនោះទេ។

អ្នកខ្លះនិយាយថា «ប៉ុន្ដែ ហើយចុះបើសិនជាខ្ញុំមិនអាចកាន់ខ្ជាប់បានរហូត? ហើយខ្ញុំបោះបង់ ចោល?» អូ មិត្ដសំឡាញ់អើយ អ្នកនៅតែគិតដូចពួកកាតូលិកពីសម័យកណ្ដាល! វាមិនមែនដោយសារអ្នក រកបាននោះទេ! តើវាយ៉ាងម៉េចទៅ? អ្នក «ស្លាប់ក្នុងអំពើបាប»។ តើមនុស្សស្លាប់ម្នាក់អាចកាន់ខ្ជាប់បាន រហូតយ៉ាងម៉េចបាន? តើមនុស្សស្លាប់មា្នក់អាចធ្វើអ្វីទាំងអស់ ដើម្បីបានសេចក្ដីសង្រ្គោះយ៉ាងម៉េចបាន? អរគុណព្រះ ព្រះគម្ពីរប្រាប់ថា

« ក្នុងកាលដែលយើងនៅស្លាប់ ក្នុងការរំលងនៅឡើយ នោះ{ព្រះ} បានប្រោសឲ្យ{យើងរាល់គ្នាបានរស់} ជាមួយនឹងព្រះគ្រីស្ទ (គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ)»(អេភេសូរ ២:៥)។

ព្រះប្រទានជីវិតអស់កល្បជានិច្ចដល់ព្រលឹងដែលស្លាប់។ ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានមួយ ដ្បិតព្រះបានប្រទានដល់មនុស្សទាំងអស់ ដែលស្លាប់ក្នុងអំពើបាប! នោះគឺជាដំណឹងល្អ ចូរសរសើរដំកើងព្រះ! «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀនទៅ»(យ៉ូហាន ១០:២៨)។

ទ្រង់មិនឲ្យព្រលឹងខ្ញុំបាត់បង់ ទ្រង់នឹងក្រុងខ្ញុំជាប់
   ទ្រង់ចេញថ្លៃលោះព្រលឹងខ្ញុំផង ទ្រង់នឹងក្រុងខ្ញុំជាប់
ទ្រង់នឹងក្រុងខ្ញុំជាប់ ទ្រង់នឹងក្រុងខ្ញុំជាប់
   ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ទ្រង់នឹងក្រុងខ្ញុំជាប់។
(«ទ្រង់នឹងក្រុងខ្ញុំជាប់» ដោយលោក Ada R. Habershon, 1861-1918)។

លោកស្ជឺជិនបានប្រសាសន៍ថា «យើងចង់ឲ្យអ្នកជឿព្រះកាន់ខ្ជាប់រហូតដល់ចុងបំផុត ដោយសារតែជីវិត ដែលព្រះដាំនៅក្នុងមនុស្ស គឺជានិស្ស័យដែលត្រូវតែបន្ដរស់រាន ហើយវាត្រូវតែយកឈ្នះលើការលំបាកទាំង អស់ វាត្រូវតែកើនឡើង ថែមទាំងវាត្រូវនាំសិរីល្អដ៏អស់កល្បជានិច្ចដល់ទ្រង់» (C. H. Spurgeon, «សេចក្ដីខ្ជាប់ខ្ជួន ដែលគ្មានការសន្មត់ទុកជាមុន» MPT, Number 1,055)។ វាត្រូវតែ វាត្រូវតែ វាត្រូវតែនាំ អ្នកទៅឯសិរីល្អដ៏អស់កល្បជានិច្ច! វាគឺជាអំណោយទានដ៏អស់កល្បជានិច្ច វាគឺជាអំណោយទានរបស់ព្រះ យេស៊ូវគ្រីស្ទ! ទ្រង់មានបន្ទូលថា «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា»។ ចូរសរសើរដំកើងដល់ព្រះនាមដ៏ បរិស្ធ! ទ្រង់ប្រទានជីវិតអស់កល្បជានិច្ចដល់យើងរាល់គ្នា! យើងមិនបង់អ្វីសោះ ព្រះយេស៊ូវបានបង់វា ដោយសារទ្រង់សុគតនៅលើឈើឆ្កាង! ព្រះយេស៊ូវមានវាសំរាប់យើង ដោយសារដែលទ្រង់រស់ពីសុគត ឡើងវិញ!

ហាលេលូយ៉ា ការស្រេចហើយ ខ្ញុំជឿលើព្រះរាជបុត្រា
ខ្ញុំបានសង្រ្គោះដោយព្រះលោហិត ដែលទ្រង់បានជាប់ឆ្កាង
   («ហាលេលូយ៉ា ការស្រេចហើយ» ដោយលោក Philip P. Bliss, 1838-1876)។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។

ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានរបស់ព្រះគ្រីស្ទ។

២. ទីពីរ មានសេចក្ដីសន្យារបស់ព្រះគ្រីស្ទ។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ...» ទ្រង់មានបន្ទូលថា «ខ្ញុំ ធ្វើរឿងនេះ»។ នោះគឺជាសេចក្ដីសន្យាដ៏អស្ចារ្យណាស់! «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ ខ្ញុំសប្បាយ ចិត្ដ ដោយសារទ្រង់មានបន្ទូលដូចនោះ។ មនុស្សខ្លះនិយាយថា ពួកគេអាចចេញទៅ ដោយសារការសម្រេច ចិត្ដរបស់ពួកគេ។ ពួកគេអាចសម្រេចចិត្ដចេញពីទ្រង់។ ប៉ុន្ដែ ឃ្លានេះមិនប្រាប់ដូចគំនិតនោះទេ «វាមិនត្រូវ វិនាសនៅអស់កល្បរៀងទៅ»។ វារាប់បញ្ចូលគ្រប់ពេលទាំងអស់ «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ តើពួកគេជាកូនព្រះ ដែលមានដំរិះតិចតួចឬទេ? តើពួកគេមានជំនឿតិចតួច ដោយសារពួកគេជាអ្នកជឿថ្មីឬទេ? «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ នៅពេលជឿព្រះយូរទៅ ហើយបញ្ហានៅក្នុងជីវិតរុញច្រាន សេចក្ដីជំនឿដើមដំបូងរបស់គេ តើពួកគេក្លាយដូចជាលោកីយ ហើយបាត់បង់ជំនឿរបស់គេឬទេ? «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ ពួកគេនឹងត្រូវវិនាស បើសិនជាលោកីយបំផ្លាញពួកគេ។ ពួកគេនឹងវិនាស បើ សិនជាពួកគេឲ្យការអាក្រក់ធ្វើជាទាសករដល់ពួកគេម្ដងទៀត តែវានឹងដូច្នេះឡើយ។ «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ ពាក្យ «មិនដែល» វានៅគ្រប់ពេលវេលាទាំងអស់។ បើសិនជាពួកគេត្រូវល្បួងច្រើន «វាមិន ត្រូវវិនាសអស់កល្បរៀងទៅ»។ បើសិនជាពួកគេរសាយចិត្ដទៅ ហើយធ្វើឲ្យពួកគេបាត់បង់សេចក្ដីស្រឡាញ់ និងភាពខ្នះខ្នែងរបស់ពួកគេទៅ? «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។ អំពើបាបនឹងមិនដែលគ្រប់គ្រង លើពួកគេទាំងស្រុងម្ដងទៀតឡើយ។ «វាមិនត្រូវវិនាសអស់កល្បរៀងទៅ»។

ខ្ញុំបានជឿព្រះអស់រយះពេល៥៤ឆ្នាំ។ មានពេលខ្លះ ដែលហាក់ដូចជាព្រះចេញឆ្ងាយពីខ្ញុំ។ មាន ពេលខ្លះ ដែលសូម្បីតែខ្ញុំសង្ស័យពីសេចក្ដីសង្រ្គោះរបស់ខ្ញុំ។ មានពេលខ្លះ ដែលខ្ញុំគិតថា ខ្ញុំរអិលជើងដួល ហើយខ្ញុំនឹងបាត់បង់ជារៀងរហូត។ តែព្រះយេស៊ូវតែងតែជួយខ្ញុំ ទ្រង់តែងតែជួយខ្ញុំពេលខ្ញុំជួបភាពអស់ សង្ឃឹម។ ខ្ញុំមិនបានធំឡើងនៅក្នុងគ្រួសារគ្រីស្ទាននោះទេ។ ខ្ញុំមិនមានគំរូល្អៗ ដើម្បីដើរតាមនោះទេ។ ខ្យល់ នៃភាពរន្ធត់បានបក់ជុំវិញខ្ញុំ។ ខ្ញុំស្ទើរតែបាត់ទៅ ខ្ញុំបានឃើញមនុស្សជាច្រើនជំពប់ដួល។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបក់ផាត់ទៅជាមួយពួកគេ។ ខ្ញុំខ្សោយពេក ខ្ញុំមិនអាចបន្ដបានឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជា មនុស្សម្នាក់ដែលសង្គមមិនរាប់អាន។ ខ្ញុំបានមាអារម្មណ៍ដូចស្ដេចដាវីឌ កាលគាត់បាននៅក្នុងរូងភ្នំ ដើម្បី ពួនខ្លួនពីខ្មាំងសត្រូវរបស់គាត់ ដែលជាស្ដេចសូល។

«សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ»(ទំនុកដំកើង ១៤២:៤)។

«កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ» (ទំនុកដំកើង ៩៤:២៨)។

ខ្ញុំដឹងពីវា ដោយខ្ញុំបានទទួលបទពិសោធន៍។ «កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ»។ ខ្ញុំដឹងពីវា ដោយខ្ញុំបានទទួលបទពិសោធន៍ ដ្បិតព្រះយេស៊ូវប្រាប់ពីសេចក្ដីពិត។ «វាមិនត្រូវវិនាសអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆកវាពីដៃខ្ញុំបានទេ»។ នេះមិនគ្រាន់តែជាគោលលទ្ធិមួយចំពោះខ្ញុំទេឥឡូវនេះ។ វាគឺជាសេចក្ដីពិតដ៏រស់ ដែលចេញពី ព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ»។

ខ្ញុំមិនអាចនឹងកាន់ជាប់បានទេ ទ្រង់ត្រូវក្រុងខ្ញុំជាប់
   ចិត្ដខ្ញុំតែងរសាយបែរវៀចវេរ ទ្រង់ត្រូវក្រុងខ្ញុំជាប់
ទ្រង់នឹងក្រុងខ្ញុំជាប់ ទ្រង់នឹងក្រុងខ្ញុំជាប់
   ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ទ្រង់នឹងក្រុងខ្ញុំជាប់។

ក្មេងជំទង់អើយ ខ្ញុំធ្លាប់ធ្វើជាក្មេងជំទង់ ហើយឥឡូវនេះខ្ញុំចាស់ហើយ។ ខ្ញុំដឹងថា សេចក្ដីសន្យា របស់ព្រះយេស៊ូវគឺពិត។ ខ្ញុំដឹងថា វាពិតនៅគ្រប់ទាំងខួរឆ្អឹងរបស់ខ្ញុំ! «កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់បានទប់ទល់ទូលបង្គំ»។ ខ្ញុំដឹង ថា ព្រះយេស៊ូវបានមានបន្ទូលពីសេចក្ដីពិត

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»។

ទ្រង់បានទប់ទល់ខ្ញុំ ហើយទ្រង់បានទប់ទល់ខ្ញុំយ៉ាងលឿន។ ខ្ញុំដឹងថា ទ្រង់អាចធ្វើដូចគ្នាដែរសំរាប់បងប្អូន! នោះគឺជាមូលហេតុដែលខ្ញុំអាចប្រាប់អ្នកដោយក្លាហានថា អ្នកត្រូវតែជឿជាក់លើព្រះអង្គសង្រ្គោះ ដ៏ជាព្រះ យេស៊ូវ។ ខ្ញុំបានជឿជាក់លើទ្រង់រយះពេលយូរមកហើយ ហើយខ្ញុំមិនដែលវិនាសឡើយ។ បើអ្នកជឿជាក់ លើទ្រង់ នោះទ្រង់នឹងមិនដែលឲ្យអ្នកវិនាសផងដែរ! នោះគឺជាសេចក្ដីសន្យារបស់ព្រះគ្រីស្ទនោះឯង!

៣. ទីបី មានអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។

«ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»(យ៉ូហាន ១០:២៨ខ)។ ចូរកត់សំគាល់ថា ពាក្យ «អ្នកណា» ក្នុងគម្ពីរខីងជេមស៍ត្រូវបានសរសេរជាអក្សរទ្រេត។ នោះមានន័យថា អ្នកបកប្រែខគម្ពីរខីង ជេមស៍ដាក់ពាក្យ «អ្នកណា» ដូចនោះ ដោយសារតែវាមិនមែនជាអត្ថបទគម្ពីរតាមភាសាក្រេក។ ពាក្យ «អ្នកណា» តាមភាសាក្រេកគឺជាពាក្យ «ថីស»(tis)។ វាមានន័យថា «មនុស្សណាក៏ដោយ» (George Ricker Berry) ឬ «មនុស្សណា ឬកម្មបទណាក៏ដោយ(Strong)។ ដ្បិតអ្នកប្រាជ្ញខាងភាសាក្រេកដ៏ល្បីម្នាក់ ឈ្មោះលោក អេ ថី រ៉ោប៊ឺតសាន់បានពន្យល់ពីខគម្ពីរនេះថា «ចៀមអាចមានអារម្មណ៍ថា វាមានសុវត្ថិភាព គ្មានឆ្កែចចក គ្មានចោរ គ្មានចោរប្លន់ គ្មានជើងឈ្នួល គ្មានអារក្ស ហើយសូម្បីតែគ្មានអារក្សណាដែលអាច ដក{កញ្ឆក់}ចៀមចេញពីដៃរបស់ទ្រង់បានឡើយ» (Word Pictures; note on John 10:28)។ លោករ៉ោប៊ឺត សាន់បានប្រាប់ពីគម្ពីរយ៉ូហាន ៦:៣៩ ជាគម្ពីរយោង

«ឯបំណងព្រះហឫទ័យនៃ ព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ»(យ៉ូហាន ៦: ៣៩)។

លោកបណ្ឌិតរ៉ោប៊ឺតសាន់បានប្រាប់ពីខគម្ពីរយោងម្ដងទៀត នៅយ៉ូហាន១៧:១២ «ទូលបង្គំបានរក្សាទុកនូវអស់អ្នក... ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ» ហើយគាត់ប្រាប់ម្ដងទៀតនៅ កូល៉ូស ៣:៣ «ជីវិតអ្នករាល់គ្នាបានលាក់ទុកក្នុងព្រះជាមួយព្រះគ្រីស្ទ»។ គម្ពីរខីងជេមស៍ថ្មីមានវា «គ្មានអ្នក ណាអាចដកវាចេញពីដៃខ្ញុំបានឡើយ»។

លោកស្ពឺជិនបានបង្រៀនថា «អ្នកដឹងនៅក្នុងអត្ថបទគម្ពីរដែលនៅមុខយើង ហើយយើងមិនចាំបាច់អានពាក្យ “អ្នកណា” នោះទេ ដ្បិតវាមិនមែនជាភាសាដើម{ភាសាក្រេក}ឡើយ ហើយយើងអាចអានវា “គ្មានអ្នកណាអាចយកវាចេញពីដៃខ្ញុំបានឡើយ”។ មិនត្រឹមតែ “អ្នកណា”នោះទេ ប៉ុន្ដែ អារក្សក៏មិនអាចធ្វើ បានដែរ។ វាមិនគ្រាន់តែមនុស្សប៉ុណ្ណោះទេ ជួនកាលសូម្បីតែ{ខ្មាំងសត្រូវ}ដ៏អាក្រក់បំផុតរបស់យើងក៏ដោយ ហើយរួមទាំងវិញ្ញាណដែលព្រះបានទំលាក់ចុះមក ក៏មិនអាចដកយើងចេញពីព្រះហស្រ្ដរបស់ទ្រង់បានទេ។ វាមិនអាចទៅរួចឡើយ វាមិនអាចសម្រេចផែនការណ៍របស់វាឡើយ ក្នុងកាលដែលវាចង់ដកយើងចេញពី កម្មសិទ្ធិទ្រព្យរបស់ទ្រង់ ហើយជាកូនស្ងួនភ្ងារបស់ទ្រង់ ថែមទាំងជាកូនដែលទ្រង់ការពារ។ អូ នោះគឺជា សេចក្ដីសន្យដែលជាព្រះពរដ៏ធំណាស់!»(ibid)។

សូមចងចាំពីគ្រូគង្វាលវើមប្រែដ(Wurmbrand)។ ប្រហែលជាអ្នកឆ្ងល់ពីមូលហេតុដែលខ្ញុំអាន សៀវភៅរបស់គាត់ដែលមានចំណងជើងថា ការទទួលទារុណកម្មសំរាប់គ្រីស្ទ ម្ដងហើយម្ដងទៀត។ អ្នក អាចឆ្ងល់ពីមូលហេតុដែលខ្ញុំចូលចិត្ដសៀវភៅដ៏អាក្រក់ដូចនោះ។ នេះគឺជាមូលហេតុ។ ខ្ញុំមិនមែនអានវា ដោយសារខ្ញុំចូលចិត្ដដឹងពីរឿងអាក្រក់ៗ ដូចជាសេចក្ដីស្លាប់ ឬខ្ញុំចូលចិត្ដឈាម និងចូលចិត្ដមើលឈាម ដែលហូរចេញពីរបួសនោះទេ។ ខ្ញុំអានសៀវភៅនានារបស់គាត់ ដោយសារតែវាទាក់ទាញខ្ញុំ ដោយខ្ញុំបាន ឃើញអំណាចព្រះចេស្ដារបស់ព្រះយេស៊ូវ ពេលទ្រង់រក្សទុកសេចក្ដីសន្យារបស់ទ្រង់។ ពួកកុម្មុយនីស្ដជ្រុល និយមបានធ្វើទារុណកម្មគ្រូគង្វាលវើមប្រែដ ដោយសារតែគាត់អធិប្បាយពីដំណឹងល្អ។ ពួកគេបានវាយបាត ជើងរបស់គាត់ រហូតដល់គាត់មិនអាចឈរអធិប្បាយកើត។ នៅពេលគាត់បានអធិប្បាយនៅក្នុងក្រុមជំនុំ របស់យើង នោះគាត់ត្រូវតែដុះស្បែកជើង ហើយអង្គុយលើកៅអ៊ី ដោយសារតែគាត់មានស្នាមរបួសជ្រៅៗនៅ លើជើងរបស់គាត់។ ពួកគេបានចាក់ប្រហោងជ្រៅៗ១៨កន្លែងនៅលើរាងកាយរបស់គាត់ ដោយដែកដ៏ក្ដៅ ក្រហមទែង។ ពួកគេបានឲ្យគាត់ឈរជាច្រើនម៉ោង។ ពួកគេបានបង្អត់គាត់ ពួកគេបានចាក់សោរគាត់នៅក្នុង គុកដែលមានកណ្ដុរ ដែលជាសត្វចង្រៃ។ ពួកគេបានដាក់គាត់នៅក្នុងគុកដ៏តឹងរ៉ឹង ដែលធ្វើឲ្យគាត់មិនដែលលឺសំលេងមនុស្សសោះសំរាប់រយះពេលជាច្រើនខែ។ គាត់បានឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះ ហើយគាត់ បានអធិប្បាយជាច្រើនដងនៅក្នុងក្រុមជំនុំរបស់យើង។ អ្នកនិយាយថា «គាត់ជាមនុស្សដែលមានឆន្ទះខ្លាំងដូចដែក»។ ទេ គាត់ប្រាប់យើងមុនដំបូងថា គាត់ជាមនុស្សខ្សោយម្នាក់។ គាត់បានជួបទុក្ខលំបាកទាំងអស់ នោះ ដោយសារតែសេចក្ដីសន្យារបស់គ្រីស្ទគឺពិតប្រាកដ!

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»(យ៉ូហាន ១០:២៨)។

ខ្ញុំដឹងថា វាជារឿងពិត ដោយសារតែខ្ញុំក៏ធ្លាប់មានបទពិសោធន៍ពីបញ្ហាដែលតូចជាងបញ្ហារបស់គាត់ផងដែរ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ចូរសំរាកនៅក្នុងព្រះយេស៊ូវទៅ នោះអ្នកនឹងមានជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវទ្រង់មិនចេះកុហកឡើយ។

ឥឡូវនេះ ខ្ញុំត្រូវបញ្ចប់មេរៀនដោយដកស្រង់ពីលោកស្ពឺជិនម្ដងទៀត «កាលខ្ញុំនៅ{ក្មេង} ខ្ញុំបាន ឃើញក្មេងប្រុសជាច្រើន នៅក្នុងជីវិតរបស់គេដែលមានគ្រោះថ្នាក់ខាងឯជីវិតរបស់គេ ដោយសារពួកគេធ្លាក់ ចូលក្នុងអំពើអាក្រក់ៗ{ហើយអំពើបាប}ជាច្រើន។ ខ្ញុំដឹងនៅក្នុងព្រលឹងខ្ញុំថា ខ្ញុំ{ស្អប់}អំពើបាប ដែលខ្ញុំបាន លឺ ពួកគេប្រព្រឹត្ដ។ {ឪពុកម្ដាយខ្ញុំ}បានរារាំងខ្ញុំពីពួកគេ។ ហើយខ្ញុំនៅតែខ្លាចពីអំពើបាប ដែលក្មេងជំទង់ ប្រុសទាំងនេះបានប្រព្រឹត្ដ ដ្បិតវាអាចគ្រប់គ្រងលើខ្ញុំបាន។ ភាពស្មោកគ្រោកនៃចិត្ដរបស់ខ្ញុំវាធ្វើឲ្យមិនអាច ទុកចិត្ដលើឯង។ ខ្ញុំដឹងច្បាស់ថា លុះត្រាតែខ្ញុំប្រែចិត្ដជឿព្រះ កើតជាថ្មី ហើយទទួលជីវិតថ្មីមួយ ទើបខ្ញុំ មានសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំអាចញាំនុយរបស់អារក្សបាន។ ខ្ញុំបានភ័យខ្លាច ហើយខ្ញុំ បានអាម៉ាស់មុខមែនទែន កាលក្មេងប្រុសខ្លះដែលខ្ញុំស្គាល់បានធ្វើការអាក្រក់ទាំងនោះ។ ការដែលខ្ញុំគិតវា បានធ្វើឲ្យភ័យ។ តែនៅពេលខ្ញុំបានលឺថា ព្រះយេស៊ូវអាចជួយខ្ញុំពីការទាំងអស់នោះ ហើយទ្រង់អាចផ្ដល់ទី សង្ឃឹមដល់ខ្ញុំ ថែមទាំងអាចសង្រ្គោះខ្ញុំ។ នោះខ្ញុំបានគិតថា “បើសិនជាខ្ញុំទៅរកព្រះយេស៊ូវ ហើយទទួលចិត្ដ ថ្មីពីទ្រង់ ថែមទាំងទទួលវិញ្ញាណត្រឹមត្រូវមួយ នោះទ្រង់នឹងជួយរារាំងខ្ញុំពីអំពើបាប ដែលអ្នកផ្សេងទៀត បានធ្លាក់ចូលក្នុង ម្យ៉ាងទៀតទ្រង់នឹងជួយការពារខ្ញុំ”។ គំនិតនោះហើយដែលទាក់ទាញខ្ញុំឲ្យជឿជាក់លើ ព្រះគ្រីស្ទ។ ខ្ញុំសប្បាយចិត្ដណាស់ ពេលខ្ញុំលឺថា ព្រះយេស៊ូវជាអ្នកការពារដ៏ស្មោះត្រង់ម្នាក់ចំពោះអស់អ្នក ណាដែលជឿលើទ្រង់ ដ្បិតទ្រង់អាច ហើយស្ម័គ្រព្រះទ័យសំអាតផ្លូវរបស់មនុស្សម្នាក់ ហើយអាចជួយការពារ គាត់រហូតដល់ចុងបំផុត។ មនុស្សវ័យក្មេងអើយ គ្មានការធានារ៉ាប់រងពីជីវិតណា ដូចជាការជឿលើព្រះយេស៊ូវ ឡើយ»(C. H. Spurgeon, ibid លោក ហាមើស៍បានធ្វើឲ្យវាងាយស្រួលបន្ដិចសំរាប់អ្នកដែលស្ដាប់នៅសម័យនេះ)។

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ»(យ៉ូហាន ១០:២៨)។

ខ្ញុំមានគំនិតមួយទៀតបង្រៀនបងប្អូន។ ខ្ញុំបានបង្រៀនបងប្អូនថា មនុស្ស និងអារក្សមិនអាចឆក់ យកអ្នកចេញពីព្រះហស្ដរបស់ព្រះអង្គសង្រ្គោះបានឡើយ។ «ប៉ុន្ដែ» អ្នកនិយាយ «ហើយចុះបើសិនជាខ្ញុំផ្ទាល់បែរចេញពីព្រះយេស៊ូវវិញ? ហើយខ្ញុំផ្ទាល់ចេញពីក្រុមជំនុំ ហើយត្រលប់ទៅលោកីយ៍វិញ?» មិត្ដជា ទីស្រឡាញ់អើយ «ខ្ញុំផ្ទាល់»ត្រូវបានរាប់បញ្ចូលជាមួយពាក្យ «អ្នកណា»។ ខ្ញុំដឹងថា មានមនុស្សជាច្រើន បានប្រែចិត្ដខុសឆ្គងចេញពីក្រុមជំនុំ ហើយត្រលប់ទៅឯភាពជាលោកីយ៍វិញ។ តែខ្ញុំក៏ដឹងផងដែរថា ពួកគេ មិនដែលមានត្រាជាចៀមរបស់ព្រះគ្រីស្ទឡើយ។ ពួកគេមិនដែលស្ដាប់លឺសំលេងរបស់ទ្រង់ឡើយ ហើយ ទ្រង់មិនដែលស្គាល់ពួកគេឡើយ។ ពួកគេមិនដែលដើរតាមទ្រង់នោះទេ។ ពួកគេគ្រាន់តែសម្រេចិត្ដស្ទាក់ ស្ទើរតែប៉ុណ្ណោះ ក្រោយមកពួកគេបែរទៅវិញ។ ប៉ុន្ដែ ខ្ញុំមិនមែនកំពុងសុំបងប្អូនឲ្យធ្វើដូចនោះឡើយ។ ខ្ញុំ កំពុងសុំបងប្អូនឲ្យមករកព្រះយេស៊ូវពីស្រុកណាសារ៉េត ដែលជាព្រះរាជបុត្រានៃព្រះ។ ខ្ញុំកំពុងសុំឲ្យបងប្អូន ជឿជាក់លើទ្រង់ ហើយសំរាកក្នុងទ្រង់។ លោកស្ជឺជិនបានប្រសាសន៍ថា «ឱ មនុស្សមានបាបអើយ ថ្ងៃនេះ អ្នកអាចសំរាកនៅក្នុងព្រះយេស៊ូវ ហើយនៅក្នុងទ្រង់តែមួយគត់ ក្រោយមកទ្រង់នឹងឲ្យអ្នកសំរាក។ តើអ្នក ភ័យខ្លាចឬអី “ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ” »( ibid)។

ទ្រង់នឹងក្រុងខ្ញុំជាប់ ទ្រង់នឹងក្រុងខ្ញុំជាប់
ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ទ្រង់នឹងក្រុងខ្ញុំជាប់។

ឱព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសំរាប់អ្នកខ្លះ ដែលបានលឺ ឬក៏អានសេចក្ដីអធិប្បាយនេះ សូមឲ្យគេបានរកឃើញការសំរាក តាមរយះការជឿជាក់លើព្រះយេស៊ូវ ដែលទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ។ នៅក្នុងព្រះនាមរបស់ទ្រង់ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ១០:២២-២៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទ្រង់នឹងក្រុងខ្ញុំជាប់» (ដោយលោក Ada R. Habershon, 1861-1918)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទ្រង់នឹងក្រុងខ្ញុំជាប់

HE WILL HOLD YOU FAST!

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ» (យ៉ូហាន ១០:២៨)។

(យ៉ូហាន ១០:៣១, ២៧; កាឡាទី ៥:៦; ១កូរិនថូស ២:៧)

១. ទីមួយ មានអំណោយទានរបស់ព្រះគ្រីស្ទ។ យ៉ូហាន ១០:២៨ក; ៤:១៤; អេភេសូរ ២:៥។

២. ទីពីរ មានសេចក្ដីសន្យារបស់ព្រះគ្រីស្ទ។ យ៉ូហាន ១០:២៨ក; ទំនុកដំកើង ១៤២:4៤; ទំនុកដំកើង ៩៤:១៨។

៣. ទីបី មានអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។ យ៉ូហាន ១០:២៨ខ; ៦:៣៩; ១៧:១២; កូឡូស ៣:៣។